ខ្មែរណាក៏មិនសប្បាយចិត្តដែរ ចំពោះឧបទ្ទវហេតុនាវាទេសចរណ៍ជូភីធើគ្រូស Jupiter Cruise ដែលអាជ្ញាធរថៃបង្កបញ្ហា ដោយមិនអនុញ្ញាតអោយអ្នកទេសចរណ៍ខ្មែរជា ២០០នាក់ចូលទៅក្នុងប្រទេសខ្លួន ប្រសិនបើពួកគេមិនបានបង់ប្រាក់តម្កល់ ១,៥០០ដុល្លារក្នុងម្នាក់ៗនោះទេ​ ។

មិនសប្បាយចិត្តគឺជារឿងមួយនៃអារម្មណ៍ជាតិនិយម ហើយការតវ៉ារបស់ក្រសួងការបរទេសកម្ពុជា និងការឆ្លើយតបរបស់ភាគីថៃគឺជារឿងមួយទៀតនៃវិស័យទូត។ ក៏ប៉ុន្តែ ការឆ្លើយតបបែបណារបស់ប្រជាជនខ្មែរសម្រាប់ពេលទៅខាងមុខទៀត វាគឺជារឿងដែលយើងគួរនិយាយនាពេលនេះ។

ប្រជាជនខ្មែរណាក៏ដឹងដែរថា យើងមិនអាចលើកប្រទេសខ្មែរចេញអោយឆ្ងាយពីប្រទេសសៀមទេ ព្រោះវាជាមរតកនៃប្រវត្តិសាស្រ្ត ហើយឧបទ្ទវហេតុនៃកប៉ាល់ជូភីទើគ្រូស ក៏ប្រហែលជាមិនទាន់ជាតំណក់ទឹកចុងក្រោយដែលបំពេញ “ទន្លេកំហឹង” ហើយទម្លាយ “ច្រាំងនៃភាពអត់ធ្មត់” នោះដែរ។ ទោះជាយ៉ាងនេះក្តីមោទនភាពជាតិជាខ្មែរត្រូវតែលើកតម្កើងលើសពេលណាៗទាំងអស់។

លើកតម្កើងមោទនភាពជាតិដោយរបៀបណា វាជារឿងដែលអស់លោក លោកស្រី ដែលជាអ្នកប្រាជ្ញខ្មែរត្រូវនិយាយប្រាប់រាស្រ្តខ្មែរ ប៉ុន្តែមោទនភាពជាតិជាច្រើនពិតជាអាចលើកតម្កើងនិងថែរក្សាដោយមិនចាំបាច់និយាយប្រាប់ទេ តួយ៉ាងដូចជាពេលដែលទព័សៀមចាប់ផ្តើមឈ្លានពានខ្មែរភ្លាម ខ្មែរគ្រប់រូបតាំងពី ឧកញ៉ា រហូតដល់កសិករ បានចំណាយទ្រព្យធនតាមលទ្ធភាពរៀងៗខ្លួនគាំទ្រឧបត្ថម្ភកងទ័ពនៅសមរភូមិមុខ។ សមិទ្ធិជាច្រើនក៏បានកើតឡើងតាមរយះមោទនភាពជាតិនោះ ជាគំរូគឺផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារនិងផ្លូវឆ្ពោះទៅកាន់ប្រាសាទតាមាន់ ។

មានរបៀបនៃការសម្តែងមោទនភាពផ្សេងៗទៀតដែលសមញ្ញ : ប្រសិនបើមិនមែនក្នុងហេតុផលស្លាប់រស់ យើងនឹងមិនជាន់ទឹកដីថៃឡើយ ។ យើងពុំមានចេតនាបន្ទោសបងប្អូនខ្មែរក្នុងកប៉ាល់ជូភីទើ គ្រូស រឺ បន្ទោសក្រុមហ៊ុនកប៉ាល់នោះថាហេតុអ្វីត្រូវទៅសប្បាយអរនៅស្រុកថៃនោះទេ ក៏ប៉ុន្តែឧបទ្ទវហេតុនៃកប៉ាល់ជូភីធើគ្រូស កាលពីថ្ងៃ២៥ធ្នូ ដែលថៃមិនអោយខ្មែររាប់រយនាក់ឡើងគោកនោះ វាគឺជាមេរៀនមួយ។

ប្រសិនបើអ្នកមានប្រាក់ ហើយអ្នកចង់សប្បាយ ពិតជាមានកន្លែងច្រើនណាស់ដែលអាចសប្បាយ ដែលតម្លៃមិនថ្លៃ ហើយគឺពិតជាសប្បាយមែន។ ប្រសិនបើអ្នកមានប្រាក់ ហើយអ្នកចង់សប្បាយ ហេតុអ្វីយើងត្រូវប្រថុយនឹងគ្រោះថ្នាក់ទៅប្រទេសថៃ ។

ការចៀសវាងអ្វីដែលជាថៃ គឺមិនមែនជាគំនិតសកលភាវូបនីយកម្ម និងមិនមែនជាគំនិតអាស៊ានតែមួយនោះទេ ប៉ុន្តែក្នុងកាលៈទេសៈដែលទឹកល្អក់បែបនេះ មោទនភាពជាតិស្ថិតនៅត្រង់ណា? អ្នកមានប្រាក់ជិះកប៉ាល់ទេសចរណ៍ទំនើបមានវីសាត្រឹមត្រូវ អ្នកទទួលបានការប្រាស្រ័យឆ្លើយតបពីថៃបែបនេះទៅហើយ ចុះទម្រាំអ្នកស្រុកធម្មតាវិញ? ចម្លើយគឺខ្មែរទាំងអស់គ្នាពិតជាយល់បាន ៕

សីហា

រស្មីកម្ពុជា

Advertisements